Sunday, February 2, 2025

លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរក្សត្រីនាសម័យអង្គរ

ចំនួនអ្នកទស្សនា: Views





មន្រ្តីជំនាញពាក់ព័ន្ធដឹកនាំដោយលោក យុន លីណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងមន្ទីរធម្មការ និងសាសនា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរក្រុងសៀមរាប អាជ្ញាធរជាតិអប្សរា ព្រះអនុគណក្រុងសៀមរាប ព្រះមេគណខេត្ត នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះទៅជួបលោកស្រី អេន ចរិយា ហៅ អ្នកគ្រូ លី មានទីលំនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមកកំពុងស្នាក់នៅវត្តអង្គរខាងជើង ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្រ្ទទេវី និងការប្រតិបត្តិមិនត្រឹមត្រូវក្នុងព្រះពុទ្ធសាសនា។

លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ក៏បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថាមានបារមី ចូលសណ្ឋិត មានដូចខាងក្រោម៖

១ បញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវ នៅតាមបណ្តាញសង្គម និងទីសាធារណ:

២ យល់ព្រមលុបរូបភាព និងវីដេអូដែលខ្លួនបានបង្ហោះកន្លងមក ដែលតាំងខ្លួនជាអ្នកមានបុណ្យ និងព្រះនាងឥន្ទ្រទេវី

៣ ឈប់ធ្វើសកម្មភាពតាមប្រាសាទ និងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ដែលលោកតាលោកយាយថ្វាយបង្គំថ្មីៗនេះ

៤ ឈប់ប្រើប្រាស់ភាសាគ្មានក្បួនច្បាប់

៥ ធ្វើវីដេអូសុំទោសជាសាធារណ: និងសន្យាមិនឱ្យសកម្មភាពបែបនេះបន្តទៀតឡើយ។

លោក យុន លីនណេ បានថ្លែងថា ការចុះមកនេះ គឺដើម្បីការពារពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយអ្នកដែលមានជំនឿផ្សេងៗគ្នាមិនមានការហាមឃាត់ទេ ប៉ុន្តែកុំយកសាសនាមកលាយឡំ ដោយយើងត្រូវថែរក្សាការពារព្រះពុទ្ធសាសនាឱ្យនៅផូរផង់ផងដែរ។

លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ក៏បានលើកឡើងដែរថា នេះជាលើកទី២ហើយ សម្រាប់ករណីលោកស្រី អេន ចរិយា ហៅអ្នកគ្រូលី ដែលតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរក្សត្រីនាសម័យអង្គរ ដោយកាលពីឆ្នាំ២០២៤ មានម្តងនៅរាជធានីភ្នំពេញ លើកទី២នេះ នៅវត្តអង្គរខាងជើងខេត្តសៀមរាប។ លោកបញ្ជាក់ថា បើសិនជាមានលើកទី៣អាជ្ញាធរ និងចាត់វិធានការតាមផ្លូវច្បាប់ ដោយឈប់មានធ្វើកិច្ចសន្យាទៀតហើយ។

សូមបញ្ជាក់ថា លោកស្រី អេន ចរិយា ហៅអ្នកគ្រូលី បានធ្វើសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យ ជាព្រះនាងឥន្ទ្រទេវី វីរក្សត្រីនាសម័យអង្គរ និងតាំងខ្លួនថាមានបារមីចូលសណ្ឋិត ដែលឱ្យលោកតាលោកយាយ មានជំនឿហើយថ្វាយបង្គំគាត់ និងបានធ្វើសកម្មភាពបញ្ជូលសិល្បឱ្យទៅលោកយាយលោកតាទាំងនោះ ដែលជាការខុសឆ្គង។

Share This
Author Image

About www.kampucheaacharyak.com

0 comments:

Post a Comment